ក្រុមគ្រូពេទ្យចល័តរបស់ក្រសួងការពារជាតិចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅតំបន់ព្រំដែន
កាលពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៥ ក្រុមគ្រូពេទ្យចល័តក្រសួងការពារជាតិ សហការជាមួយមន្ទីរសុខាភិបាលយោធភូមិភាគទី ៥ ក្រុមពេទ្យរបស់វរៈសេនាតូច ១៤៥ ចំណុះកងពលតូចលេខ ១៤ ដឹកនាំដោយ ឯ.ឧ ឧត្តមសេនីយ៍ត្រី ម៉ី ធនណារ៉ា នាយករង នាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋាន ភស្តុភារហិរញ្ញវត្ថុ បានចុះធ្វើការពិនិត្យនិងព្យាបាលជំងឺជូនកងទ័ពនិងប្រជាពលរដ្ឋនៅភូមិសាស្ត្រកងអនុសេនាធំលេខ៦ របស់វរៈសេនាតូចលេខ ១៤៥ ឈរជើងនៅស្រុកវាលវែង ខេត្តពោធិសាត់ ក្នុងឱកាសឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះសាកសួរសុខទុក្ខ និងចែកអំណោយដល់នាយទាហាននិងពលទាហាន ។
នៅក្នុងសកម្មភាពមនុស្សធម៌នេះ ក្រុមគ្រូពេទ្យបានពិនិត្យជំងឺគ្រុនចាញ់ ផ្លូវដង្ហើម ជំងឺផ្លូវរំលាយអាហារ គ្រុនផ្តាសាយ ពិនិត្យមាត់ធ្មេញ វៈកាត់តូច និងពិនិត្យអេកូជូនស្ត្រីមានផ្ទៃពោះ ក្នុងនោះសរុបទាំងកងទ័ពនិងប្រជាពលរដ្ឋ មានចំនួន ២០២៨ នាក់។
ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចូលរួមក្នុងសកម្មភាពចែកមុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ និងអំណោយផ្សេងៗដល់អង្គភាពទ័ពរួមមាន វរៈសេនាតូចលេខ ១៤៥ បាន ៣២៣ កញ្ចប់ វរសេនាតូចរបស់សឹករងពោធិសាត់ ១២៧ កញ្ចប់ សឹករងវាលវែង ៦៦ កញ្ចប់ ប៉ូលីសព្រំដែនលេខ ៨២៥ ចំនួន ៦៥កញ្ចប់ និង ស្នាក់ការរដ្ឋអំណាចមូលដ្ឋានឃុំថ្មដា ៣៥ កញ្ចប់ និងជូនប្រជាពលរដ្ឋនិងគ្រួសារទ័ពបាន ៣៨៤ កញ្ចប់។
ប្រជាពលរដ្ឋនិងគ្រួសារកងទ័ពទាំងអស់បានសំដែងនូវសេចក្តីត្រេកអរចំពោះការយកចិត្តទុក ដាក់ពីសំណាក់ក្រសួងការពារជាតិ ដែលបានបញ្ជូនក្រុមគ្រូពេទ្យចុះមកជួយព្យាបាលដល់ប្រជាពលរដ្ឋ។
គួរកត់សម្គាល់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិ តែងចុះសួរសុខទុក្ខជាប្រចាំដល់កងទ័ពឈរជើងការពារព្រំដែនកម្ពុជាទាំងមូលជារៀងរាល់ឆ្នាំ។