ឧត្តមសេនីយឯក​តាន់​ ថាណា ដឹកនាំ​ប្រតិភូត្រួត​ពិនិត្យ​មជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ

ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ឧត្តមសេនីយឯក តាន់ ថាណា អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារហិរញ្ញវត្ថុ នាយក នាយកដ្ឋានផ្គត់ផ្គង់ បានដឹកនាំគណៈប្រតិភូជំនាញ ១ ក្រុមមកពីអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នាយកដ្ឋានវិស្វកម្ម នាយកដ្ឋានសុខាភិបាល មន្ទីពេទ្យព្រះកេតុមាលា ចុះទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ ស្ថិតនៅ ភូមិទន្លេកាទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យការងាររៀបចំទទួលសិក្ខាកាម ដែលបានបញ្ចប់ការសិក្សា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវរក្សាទុកធ្វើការងារចត្តាឡីស័ក ចំនួន ១៤ ថ្ងៃមុននឹងអនុញ្ញាតឲ្យទៅជួបជុំគ្រួសារ និង អង្គភាព ។

ក្នុងការត្រួតពិនិត្យនេះជាចម្បងសំដៅលើការដោះស្រាយ កន្លែងស្នាក់នៅ ការហូបចុក បង្គន់អនាម័យ ទឹកស្អាត ភ្លើងបំភ្លឺ និងការពិនិត្យថែទាំសុខភាព បង្ការ ទប់ស្កាត់ការឆ្លងជំងឺ កូវីដ-១៩ ។

តាមគម្រោង សិក្ខាកាមដែលត្រូវចូលមកស្នាក់នៅទីនេះចំនួន ៣១៤ នាក់ ហើយ​បច្ចុប្បន្ននេះបានមកដល់ចំនួន ១៥ នាក់ហើយ។ ពួកគេសុទ្ធតែបានបញ្ចប់ការសិក្សាជំនាញយោធាផ្សេងៗក្នុងឆ្នាំ ២០២០ នេះ ។