ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ចូលរួមពិនិត្យទីតាំងសមយុទ្ធ កម្ពុជា-ឡាវ-វៀតណាម

កាលពីព្រឹកថ្ងៃពុធ ៦កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការធានានៃគណៈកម្មការអន្តរក្រសួង បានអញ្ជើញចូលរួមត្រួតពិនិត្យទីតាំងលំហាត់សមយុទ្ធរួមរវាងកងទ័ព ៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ «ភ្នំជុំសែនរីករាយ» ស្ថិតនៅភូមិសាស្រ្ត ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការអន្តរក្រសួង។

លំហាត់សមយុទ្ធរួមរវាង ៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម នឹងប្រព្រឹត្តឡើងចំនួន៩ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

បន្ទាប់ពីបញ្ចប់បេសកកម្មនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ នៅភ្នំជុំសែនរីករាយ គណៈកម្មកាអន្តរក្រសួង ដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តដំណើរទៅចូលរួមមើលការសម្តែងក្បាច់គុណ កងយោធពលខេមរភូមិន្ទ ដែលសម្តែងរួមគ្នាដោយកងទ័ព បញ្ជាការដ្ឋានការពារអាកាសអគ្គបញ្ជាការ និងនិស្សិតរបស់សាលានាយទាហានសកម្ម នៅទីបញ្ជាការដ្ឋាន ការពារអាកាស អគ្គបញ្ជាការ ភ្នំត្មាតពង។